នាយករដ្ឋមន្រ្តីវៀតណាម មកដល់កម្ពុជា ក្រោមការទទួលស្វាគមន៍ដោយផ្ទាល់ពីសម្តេចតេជោ

ភ្នំពេញ ៖ លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៨ វិច្ឆិកា នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ការអញ្ជើញធ្វើដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។សម្រាប់ការមកដល់កម្ពុជារបស់ប្រមុខដឹកនាំវៀតណាម គឺសម្ដេចតេជោ បានអញ្ជើញទទួលស្វាគមន៍ នៅវិមានសន្តិភាពផ្ទាល់តែម្តង។ ក្រៅពីទស្សនកិច្ចហើយ នាយករដ្ឋមន្រ្តីវៀតណាមក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅកម្ពុជានេះ គឺជាលើកដំបូងហើយ បន្ទាប់ពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីខែមេសា ឆ្នាំ២០២១៕ ដោយ៖ រិន ចំរើន