មន្ត្រីខណ្ឌ៧មករាម្នាក់ ត្រូវបានបញ្ឈរជើង និងផ្អាកប្រាក់ខែ៦ខែ ក្រោយប្រើហិង្សាលើអ្នករើសអេតចាយ

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលខណ្ឌ៧មករាម្នាក់ឈ្មោះ ឆាំ ឆាន ត្រូវបានដកបញ្ឈរជើង និងផ្អាកប្រាក់ខែរយៈពេល៦ខែ ព្រមទាំងដាក់ពិន័យទៅតាមច្បាប់ បន្ទាប់ពីប្រើហិង្សាទៅអ្នករើសអេតចាយនៅតាមដងផ្លូវ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ខណ្ឌ៧មករា បានរៀបរាប់ថា ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣៖៣០នាទីរសៀល ។ មុនពេលមានរឿងរ៉ាវ ក្រុមការងារចំនួន៤នាក់របស់ខណ្ឌបានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ដែលមានការ ចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់។

កំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់ ក្រុមការងារបានផ្សព្វផ្សាយ ណែនាំតាមឧគ្ឃោនសន សព្ទឱ្យម្ចាស់យានជំនិះ និងរទេះចតលើកំណាត់ផ្លូវ១៦៤ យកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ រំពេចនោះក៏មានយុវជនម្នាក់ជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថ មកលើក្រុមការងារ ដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បាន ព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។

ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែម ទាំងបន្តជេរប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក រហូតដល់មានការ ប្រើអំពើហិង្សាបន្តិចបន្តួច ។

សេចក្តីប្រកាសបញ្ជាក់ថា “ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរយុវជនរូបនោះ បានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន”៕ដោយ៖ រិន​ ចំរើន