ភ្នំពេញ៖«រដ្ឋាភិបាល អាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អគុណភាពនៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ការផ្តល់មូលនិធិសមធម៌សុខភាព ការកែលម្អគុណភាពនៃកន្លែងថែទាំសុខភាពសាធារណៈ សមភាព យេនឌ័រ និងបរិយាប័នសង្គម»។ នេះជាការថ្លែងបញ្ជាក់របស់ លោក Stefan Messerer ដែលទើបត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២។
ឯកអគ្គរដ្ឋទូត Stefan Messerer បានកោតសសើរ និងថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដើរតួនាទីយ៉ាងសំខាន់ ស្ថិតក្នុងបរិការណ៍បច្ចុប្បននេះ និង សូមថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រពៃ នាពេលកន្លងមក។ ឯកអគ្គរដ្ឋទូតរូបនេះ បានកត់សម្គាល់ឃើញថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កំពុងមានភាពរឹងមាំ និងស៊ីជម្រៅ ហើយអាល្លឺម៉ង់នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ពិសេស បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់មួយ, សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា រួមទាំង ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលបានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ។
ជាក់ស្តែងថ្មីៗនេះ អាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១៦ លានអឺរ៉ូ ជាសហហិរញ្ញប្បទានជាមួយ WB, KOICA និង DFAT តាមរយៈ Multidonor Trust Fund (MTDF) សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាលដំណាក់កាលទី៣។ គម្រោងនេះបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងវិស័យសុខាភិបាល ពោលគឺ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌ នៃសុខភាពប្រជាជន តាមរយៈការបន្តចូលរូមជំរុញការអនុវត្ត៖ ១. ផែនការយុទ្ធសាស្ត្រសុខាភិបាល,២.ក្របខ័ណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣។
ទន្ទឹមនេះ លោក ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានអបអរសាទរចំពោះកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២២ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។
ភាគីទាំងពីរ បានឯកភាពគ្នាលើបេក្ខភាពគម្រោង/កម្មវិធីចំនួន ៧ សម្រាប់ឆ្នាំ ២០២៣-២០២៤ ដែលអាចចូលរួមចំណែកក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខុមាលភាពសង្គម សុខាភិបាល រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា៕ ដោយ៖ គង់ សេដ្ឋាមុនី