សម្តេចតេជោ ប្រាប់បទពិសោធន៍កម្ពុជាឆ្លងកាត់ទៅលោក ហ្ស៊ែលឡិនស្គីថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់ដោយប្រើប្រាស់សង្គ្រាមទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ពីបទពិសោធន៍ដែលកម្ពុជាបានជួបប្រទះ និងឆ្លងកាត់ទៅលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បាន ដោយការប្រើប្រាស់សង្គ្រាមនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការប ទេសខ្មែរ ក្រោយបញ្ចប់ជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចបានសម្តែងការសោកស្តាយចំពោះសោកនាដកម្មកំពុងកើតឡើងនៅអ៊ុយក្រែន ជាពិសេសលើវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗដែលបណ្តាលឲ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។

សម្តេចតេជោបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា “តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់សម្តេចផ្ទាល់បានបង្ហាញថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ”។

សម្តេចតេជោបញ្ជាក់ទៀតថា កម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយ សន្តិវិធី និងសង្ឃឹមថា ភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំណោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍ។

ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពានការគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការ បំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ៕ ដោយ៖ រិន ចំរើន