លើកកម្ពស់ចំណេះដឹងបរិស្ថានដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន

ភ្នំពេញ៖ ការយល់ដឹងពីបរិស្ថាន និងការចូលរួមប្រតិបត្តិមេត្រីបរិស្ថានកាន់តែមានការកើនឡើងក្នុងចំណោមប្រជាពលរដ្ឋដែលនេះជាសមិទ្ធផលការងារចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អប់រំ ផ្សព្វផ្សាយផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋទាក់ទងនឹងវិស័យបរិស្ថាន និងការជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសង្គមកម្ពុជា។ នេះគឺជាការថ្លែងរបស់ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣។

ប្រតិបត្តិករមេត្រីបរិស្ថានជារូបវ័ន្តបុគ្គល និងជានីតិបុគ្គលជាច្រើនត្រូវបានទទួលស្គាល់ និងប្រគល់ ជូននូវបណ្ណសរសើរមេត្រីបរិស្ថាន និងបណ្ណជ័យលាភី ដែលនេះគឺជាការលើកទឹកចិត្តដល់ប្រតិបត្តិមេត្រីបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋផ្សេងទៀតអនុវត្តមេត្រីបរិស្ថានឱ្យកាន់តែច្រើន។

លោក អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងអំពីបេសកកម្មរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន គឺសំដៅធ្វើយ៉ាងណាកម្ពស់ចំណេះដឹងនិងព័ត៌មានបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនប្រតិបត្តិមេត្រីបរិស្ថាន ជាមួយនឹងគោលដៅចម្បងៗចំនួនបី ដោយយោងតាមផែនទីឯកភាពវិស័យបរិស្ថានឆ្នាំ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន រួមមាន៖ ១)ពង្រឹងការរៀបចំនិងផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យបានទូលំទូលាយ ២)លើកកម្ពស់ការអប់រំបរិស្ថាននិងជំរុញការប្រតិបត្តិមេត្រីបរិស្ថានឱ្យល្អប្រសើរ និង៣)ប្រមូលផ្តុំទិន្នន័យបរិស្ថាននិងរៀបចំរបាយការណ៍អំពីស្ថានភាពបរិស្ថានឱ្យបានទៀងទាត់។

លោក កែន សេរីរដ្ឋា បានឱ្យដឹងទៀតថា ជាមួយនឹងបេសកកម្ម និងគោលដៅច្បាស់លាស់ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក៏នឹងបន្តទិសដៅការងារបន្តទៀត ដោយផ្តោតលើ ៖ បន្តពង្រឹងនិងពង្រីកការលើកកម្ពស់ការអប់រំនិងផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យកាន់តែទូលំទូលាយ, បន្តជំរុញការប្រតិបត្តិមេត្រីបរិស្ថានឱ្យកាន់តែល្អប្រសើរ ព្រមជាមួយនឹងចលនាប្រឡងប្រណាំង«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងវិស័យបរិស្ថាន, បន្តកសាងនិងប្រមូលផ្តុំទិន្នន័យបរិស្ថានប្រកបដោយគុណភាព និងរៀបចំរបាយការណ៍អំពីបស្ថានភាពរិស្ថានឱ្យបានទៀងទាត់ និងជំរុញការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពស្តីពីការអប់រំបរិស្ថាន ការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការវាយតម្លៃគុណវឌ្ឍិប្រតិបត្តិមេត្រីភាព និងការប្រើប្រាស់ព័ត៌មានភូមិសាស្ត្រ៕ ដោយ៖ គង់ សេដ្ឋាមុនី