ភ្នំពេញ៖ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃ៣១ តុលា។
ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងរយៈពេលកំណត់ដូចការគ្រោងទុកហើយ នាយករដ្ឋមន្ត្រីចិន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជានឹងធ្វើជាម្ចាស់ចាប់ពីថ្ងៃ៨ដល់១៣វិច្ឆិកា ខាងមុខមានថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចចូលរួមជាច្រើន ជាក់ស្តែងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសចូលរួមរួចហើយ នៅឡើយតែលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីមិនទាន់ឆ្លើយតបមកកាន់សម្តេចតេជោ អំពីការចូលរួម៕ ដោយ រិន ចំរើន