ភ្នំពេញ៖ រយៈពេល ១១ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៥២.៥៦២ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩១.០១៤ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១០.២០៩ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៧.៣៧១ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប ។
សេចក្តីប្រកាសព័ត៌មាន របស់គជប បញ្ជាក់ថា ដោយឡែក សម្រាប់ លទ្ធផលបណ្ដោះអាសន្នថ្ងៃទីដប់មួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ (សម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២) នៅទូទាំងប្រទេស មាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.០៧០ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.០៥៧ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.០៣៤ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.១៣៤ នាក់។
បើតាម គជប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នៅក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋខ្មែរអាចទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។
មួយវិញទៀត ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ គជប ក៏អំពាវនាវឱ្យពលរដ្ឋអាច ចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕