ម្ចាស់រថយន្ត ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យនិង ដកពិន្ទុ

ភ្នំពេញ៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។នេះ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនផ្សព្វផ្សាយនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។

បើតាមក្រសួងសាធារណការ និងដឹកញ្ជូនដោយយោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុឱ្យដឹងថា បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ៤ពិន្ទុ លើ ២ករណី រួមមាន៖១. បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ និង ២. បណ្ណបើកបរផុតសុពលភាព។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕ ដោយ៖​ KC-006