ក្រសួងមហាផ្ទៃដាក់ចេញវិធានការណ៍៤ចំណុចដើម្បីធានាដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរសម្រាប់បម្រើការបោះឆ្នោតជាតិខាងមុខ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសដាក់ចេញនូវវិធានការណ៍៤ចំណុចដើម្បីធានាដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរសម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលក្រសួងរកឃើញថា អត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មីដែលបានផ្តល់ជូនប្រជាពលរដ្ឋចាប់ពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ ចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ចាប់ពីខែមិថុនា ឆ្នាំ២០២២មក។

វិធានការណ៍៤ចំណុចដែលក្រសួងដាក់ចេញនោះរួមមាន៖ ទី១.អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ភបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស ហើយបញ្ជីឈ្មោះនេះនឹងត្រូវផ្តល់ឱ្យមេឃុំ សង្កាត់ ដើម្បីសហការជូនដំណឹងនិងអញ្ជើញប្រជាពលរដ្ឋឱ្យមករៀបចំធ្វើអត្តសញ្ញាប័ណ្ណថ្មីឱ្យបានទាន់ពេលវេលា។

ទី២.ប្រជាពលរដ្ឋដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សាម៊ីខ្លួនត្រូវរាយការណ៍ទៅសមត្ថកិច្ច និងទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់សាម៊ី ដើម្បីបំពេញបែបបទទទួលអត្តសញ្ញាណប័ណ្ណថ្មី។ ទី៣.ប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងមិនទាន់មានអត្តសញ្ញាណប័ណ្ណត្រូវទៅទំនាក់ទំនងអាជ្ញាធរឃុំ សង្កាត់សាម៊ី ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ។

ទី៤.បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមនឹងគ្នានេះផងដែរ ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល៩០ថ្ងៃ ប្រជាពលរដ្ឋបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ ផ្តល់កិច្ចសហការនិងចូលរួមទៅបំពេញបែបបទប្តូរអត្តសញ្ញាណប័ណ្ណខ្មែរទុតិយតា និងបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណផងដែរ៕