ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងស្ថាប័នពាក់ព័ន្ធ ចេញញត្តិថ្កោលទោសព្រោងព្រាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក មុត ចន្ថា មនុស្សស្និទនឹងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។
លោក មុត ចន្ថា បានលើកឡើងនៅថ្ងៃទី ២៤ ខែតុលានេះ ថា ព្រះមហាក្សត្រ ទ្រង់ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរ រួមទាំងអ្នកដឹកនាំខ្មែរ និងអ្នកនយោបាយខ្មែរគ្រប់និន្នាត្រូវតែមានកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញ។
លោកបន្តថា លោក កឹម សុខា ក្នុងនាមជាអ្នកនយោបាយ និងជាសមាជិកសភាធម្មនុញ្ញដែលបានកើតចេញពីការបោះឆ្នោតសភាធម្មនុញ្ញ នៅខែឧសភា ឆ្នាំ១៩៩៣ បានចូលរួមយ៉ាងសកម្មក្នុងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ និងបន្តចូលរួមការពារ និងគោរពរច្បាប់កំពូលនេះយ៉ាងខ្ជាប់ខ្ជួនរហូតមក។ ព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រដែលទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានគោរព និងផ្តល់នូវតម្លៃខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ អ្នកដឹកនាំ និងអ្នកនយោបាយគ្រប់និន្នាការ។
បើតាម លោក មុត ចន្ថា ក្នុងនាមខ្ញុំជាសហការីផ្ទាល់របស់ លោក កឹម សុខា ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ ខ្ញុំអាចអះអាងយ៉ាងច្បាស់ថា ក្រៅពីមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ លោក កឹម សុខា មានការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសប្រជាធិបតេយ្យ ពីព្រោះគេដឹងច្បាស់ថា លោកជាអ្នកប្រជាធិបតេយ្យ អហិង្សានិយម មានស្មារតីផ្សះផ្សា បង្រួបបង្រួមជាតិ គោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ សហគមន៍អន្តរជាតិសង្កេតឃើញថា លោក កឹម សុខា មិនដែលបង្កររឿងធ្វើឲ្យអ្នកដទៃឈឺចាប់ ជាពិសេសតែងតែគោរពបាវចនា «ជាតិ សាសនា ព្រះមហាក្រត្រ» ដោយមិនដែលប្រមាថជាតិ សាសន៍ខ្លួនជាខ្មែរ មិនដែលប្រមាថព្រះមហាក្សត្រដែលជាទីសក្ការៈ និងជានិមិត្តរូបជាតិខ្មែរម្តងណាឡើយ។
លោកថ្លែងថា៖ ទន្ទឹមនេះ ឯកឧត្តម កឹម សុខា តែងតែចងចាំនិងគោរពតាមព្រះរាជបន្ទូលអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់បានអំពាវនាវថាៈ «ខ្ញុំសូមអំពាវនាវដល់ប្រជារាស្រ្តខ្មែរគ្រប់រូបរួបរួមគ្នានៅក្រោមច្បាប់រដ្ឋ និងរដ្ឋធម្មនុញ្ញ ដើម្បីការពារជាតិយើងនៅលើគ្រប់វិស័យ»។
លោក មុច ចន្ថា អាចបញ្ជាក់ចំពោះគោលជំហររបស់លោក កឹម សុខា បានថា «ការប្រមាថលើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ គឺជាការរំលោភបំពានរដ្ឋធម្មនុញ្ញ» ដែលមិនគួរកើតមានជាដាច់ខាត៕ដោយ៖ KC-006