រដ្ឋាភិបាលជំរុញបញ្ចប់ការចចារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

ភ្នំពេញ៖ មិនទាក់ស្ទើឡើយ ក្រោយដាក់ ឱ្យដំណើការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មការអន្តរក្រសួងជាមួយក្រុមហ៊ុន CRBC បានចាប់ផ្តើម បើកកិច្ចប្រជុំ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតថ្មីមួយនៅពេលខាងមុខ។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ និងកំពុងពិនិត្យជំរុញការចរចា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

តាមការសិក្សាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

ដោយឡែក បើតាមសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គីឡូម៉ែត្រ មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គីឡូម៉ែត្រ និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ផងដែរ៕​ដោយ៖ KC-006