ក្រុមហ៊ុនឯកជនមួយគ្រោងវិនិយោគរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រុមហ៊ុន ឯកជនមួយឈ្មោះថា LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT គ្រោងបោះទុនវិនិយោគគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រខេត្តព្រះសីហនុ ដើម្បីជួយជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមមួយកម្រិតទៀត ។

គម្រោងខាងលើនេះ ត្រូវបាន រដ្ឋបាលខេត្តព្រះសីហនុ ប្រកាស គាំទ្របន្ទាប់ពីក្រុមហ៊ុនធ្វើបទបង្ហាញ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ ។

បើតាមតំណាងក្រុមហ៊ុន គម្រោងនេះ គ្រោងរៀបចំនៅលើសមុទ្រ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទល់មុខនឹងអគាររបស់ក្រុមហ៊ុន មានទំហំទទឹង១០០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរប្រមាណ២០ម៉ែត្រ នៅលើសមុទ្រដែលមានកីឡាដូចជា ប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ទូកពោង ពោងបណ្តែតលើទឹក ទោងជិះកម្សាន្ត និងទូកក្តោងជាដើម។ ក្រុមហ៊ុនមានបុគ្គលិកសម្អាតឆ្នេរជាប្រចាំ និងមានឆ្មាំសម្រាប់ជួយសង្គ្រោះផងដែរ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងវិនិយោគកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ នឹងជួយទាក់ទាញទេសចរចូលមកកំសាន្តនៅខេត្តកាន់តែច្រើនឡើង។ ដូច្នេះ រដ្ឋបាលខេត្ត គាំទ្រចំពោះគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.កនេះ ។

ទោះជាយ៉ាងណា រដ្ឋបាលខេត្ត តម្រូវ ឱ្យ ក្រុមហ៊ុនត្រូវដាក់ពាក្យចុះបញ្ជីវិនិយោគ តាមយន្តការអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ បន្ទាប់ពីក្រុមហ៊ុនដាក់ពាក្យចុះបញ្ជីរួច អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវបើកកិច្ចប្រជុំពិនិត្យលើសំណើរបស់ក្រុមហ៊ុន និងពិភាក្សាលើលក្ខខណ្ឌដែលត្រូវអនុវត្ត។

មួយវិញទៀត អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវពិភាក្សាឆ្លងយោបល់ផ្លូវច្បាប់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានអនុវត្តនីតិវិធីបន្ត៕ដោយ​៖​ KC-006