ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មការអន្តរក្រសួងសាធារណការបានឲ្យដឹងថា គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបានចំនួន២២៥ ១៧១លេខ ដោយទទួលចំណូលចំនួន៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារ។
ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះបញ្ជីរថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ការពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំងពីរ និងបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តការងារដើម្បីជំរុញការលក់លេខចុះបញ្ជីរថយន្តឲ្យកាន់តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឲ្យបានច្រើនថែមទៀត៕ ដោយ៖ រិន ចំរើន