តុលាការកាត់ទោស សម រង្ស៊ី ជាប់ពន្ធនាគារ១ជីវិត និងហាមធ្វើនយោបាយ ពាក់ព័ន្ធចុះកិច្ចសន្យាផ្តល់ដីខ្មែរ៤ខេត្តឲ្យវៀតណាម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសសាល ក្រមសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដោយកំបាំងមុខដាក់ពន្ធនាគារអស់មួយជីវិត និងហាមឃាត់មិឲ្យធ្វើនយោបាយផងដែរ។

ការប្រកាសសាលក្រមតុលាការជាន់ទាបរបស់កម្ពុជា គឺជាសំណុំរឿងឧក្រិដ្ឋមួយករណីទៀតរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាប់ទាក់ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រមព្រៀងមួយជាមួយជនជាតិវៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយ សន្យាកាត់ដីខ្មែរចំនួន៤ខេត្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅឲ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះ ក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើអតីតគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៣។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏តុលាការបានបើកផ្លូវឲ្យលោក សម រង្ស៊ី ប្តឹងជំទាស់ទៅកាន់តុលាការឧទ្ធរណ៍ តាមនីតិវិធីច្បាប់ផងដែរ។

លោក ស៊ីន សុវណ្ណរ័ត្ន ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះបានថ្លែងថា ក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ សម រង្ស៊ី ត្រូវបានជាប់ចោទពីបទ «ប៉ុនប៉ង ប្រគល់រដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លោកបន្តថា ចំពោះអង្គហេតុបណ្តាលឲ្យមានការចោទប្រកាន់លោក សម រង្ស៊ី ជាប់ទាក់ទងការចុះកិច្ចព្រមព្រៀងជាមួយលោក កុក សរ ជាមេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិក បានព្រមព្រៀងកាត់ដីខ្មែរចំនួន៤ខេត្ត នៅភាគឥសានប្រទេសឲ្យទៅក្រុមជនជាតិភាគតិចម៉ុងតាញ៉ារស់នៅវៀតណាម ធ្វើជាកម្មសិទ្ធិស្របច្បាប់ ប្រសិនបើគាត់ និងគណបក្សសង្គ្រោះជាតិបានឈ្នះការបោះឆ្នោតឆ្នោត និងបានដឹកនាំប្រទេសជាតិនៅឆ្នាំ២០១៣។

សូមបញ្ជាក់ថា លោក សម រង្ស៊ី បច្ចុប្បន្នកំពុងនៅក្រៅប្រទេសធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ កាត់ទោសកំបាំងមុខយ៉ាងតិច ១៧ករណី និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារសរុបចំនួន៥០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ , ការជេរប្រមាថព្រះមហាក្សត្រខ្មែរ និងមានបណ្តឹងបទបរិហារកេរ្តិ៍ផងដែរ ដែលត្រូវបានប្តឹងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

ជាការកត់សំគាល់ ការកាត់ទោសមួយករណីទៀតនេះលើលោក សម រង្ស៊ី ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃ១៧ តុលា បានហៅលោក សម រង្ស៊ីថា ជាពូជត្រកូល៣ជំនាន់ដែលក្បត់ជាតិ បន្ទាប់ពីលោក សម រង្ស៊ីបានអំពាវនាវឲ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ដែលជាឆ្នាំបោះឆ្នោត។ ក្រោយការហៅរបស់សម្តេចបែបនេះមក ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជាបានចេញញត្តិគាំទ្រប្រសាសន៍សម្តេច ក៏ដូចជាថ្កោលទោសលោក សម រង្ស៊ី ជាហូរហែរ៕ ដោយ៖ រិន ចំរើន