ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ តុលានេះ បានចេញសេចក្តីជូនដំណឹងដោយស្នើឱ្យស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្ដអនុគ្រោះតាមរយ:ការរៀបចំឥណទានឡើងវិញចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ស្របពេលដែលខេត្តមួយចំនួនបាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ។
បើតាមធនាគារជាតិនៃកម្ពុជា ក្នុងនោះការកាត់បន្ថយចំនួនទឹកប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ការពន្យាពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ និងការផ្ដល់រយ:ពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយ:ពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី ជាដើម។
ព្រមជាមួយគ្នានេះ ដើម្បីរួមចំណែកសម្រាកបន្ទុកក៏ដូចជាជួយស្ដារជីវភាពរបស់អ្នកខ្ចីប្រាក់ ធនាគារជាតិនៃកម្ពុជា ក៏ស្នើឱ្យគ្រឹស្ថានធនាគារនិងហិរញ្ញវត្ថុ គួរពិចារណាផ្ដល់អនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ជាដើម៕ ដោយ៖ឧត្តម