សម្តេចតេជោថា សម រង្ស៊ី ជាត្រកូលអ្នកក្បត់ជាតិ ៣ជំនាន់ និងប្រកាសចាត់វិធានការ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ី ជាពូជត្រកូលក្បត់ជាតិ៣ជំនាន់ ។ ៣ជំនាន់ដែលសម្តេចថានោះ គឺមានជីតា ឪពុក និងលោក សម រង្ស៊ីផ្ទាល់តែម្តងដែលបានធ្វើសកម្មភាពក្បត់ព្រះមហា្សត្រកម្ពុជាដូចគ្នា។

ជាមួយនឹងពាក្យសម្តេចតេជោហៅលោក សម រង្ស៊ី (ក្បត់ជាតិ៣ជំនាន់) បែបនេះ សម្តេចនឹងប្រកាសប្ដូរផ្តាច់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកនៅក្នុងស្រុក បើអ្នកណាងើបតវ៉ាតាមការអំពាវនាវរបស់សម រង្ស៊ីគឺងើបមួយវៃមួយ។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីបែបនេះធ្វើឡើងមុនក្រោយគ្នាជាមួយលោក សម រង្ស៊ី តែមួយថ្ងៃប៉ុណ្ណោះ បន្ទប់ពីលោក សម រង្ស៊ី បានចេញសេចក្តីអំពាវនាវមួយតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៦ តុលា ដោយឲ្យប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ “ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជា ក្នុងឆ្នាំ២០២៣”។

កត់សំគាល់ឃើញថា នេះមិនមែនជាលើកទី១ របស់លោក សម រង្ស៊ី នោះទេដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធហើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ព្រោះកាលពីប៉ុន្មានឆ្នាំមុន លោក សម រង្ស៊ី ក៏បានអំពាវនាវដូចគ្នាអីចឹងដែរ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២២សម្តេចតេជោ មានប្រសាសន៍ថា មានលិខិតថ្លែងការណ៍មួយ(សម រង្ស៊ី)គេបានប្រកាស ប្តូរផ្តាច់ថានៅឆ្នាំ២០២៣ ធ្វើការផ្តួលរំលំសម្តេចឲ្យបាន ព្រោះឆ្នាំ២០២៣គឺជាឆ្នាំបោះឆ្នោត ។ ការប្រកាសនេះគឺគេចង់ឲ្យមានការ ប្រើប្រាស់កងកំលាំងប្រដាប់អាវុធ ។ នេះជាការចង់ឲ្យមានការប្រើអំពើហិង្សាផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ ។

សម្តេចតេជោបញ្ជាក់បន្ថែមថា «អ្នកមានសិទ្ធិនិយាយនៅខាងក្រៅ ប៉ុន្តែនៅខាងក្នុង គឺគ្មានទេ បើងើបមួយវៃមួយ ងើបពីរវៃពីរ ។ គេនិយាយពីបោះឆ្នោតគឺមិនអីទេ តែបើអ្នកចូលរួមក្នុងព្រឹត្តិការណ៍ក្នុងការផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ នឹងត្រូវទទួលផ្តន្ទាទោសរឿងប៉ុណ្ណឹង!កុំចាំបាច់បោកប្រាស់ច្រើនពេក អាក្បត់បីជំនាន់»។

សម្តេចតេជោបានលើកឡើងទៀតថា “ជីតាក្បត់ជាមួយព្រះមហាក្សត្រ ឪពុកក្បត់ជាមួយមហាក្សត្រ ឥឡូវមួយនេះ (សម រង្ស៊ី)ក្បត់ជាមួយមហាក្សត្រទៀត។ ដូច្នេះក្បត់បីជំនាន់ តើប្រជាពលរដ្ឋកម្ពុជាអាចទទួលយកបានទេ ពូជត្បត់ជាតិនេះ។ អីចឹងពីថ្ងៃនេះទៅ ខ្ញុំហៅ(សម រង្ស៊ី)ពូជក្បត់ជាតិ៣ជំនាន់។ និយាយឲ្យខ្លាំងអីចឹងចុះ គ្មានអ្វីទេ ។ ពលរដ្ឋកម្ពុជាមិនជឿងអ្នកឯងទេ ឪពុកលោកឯងបានស្លាប់តៃហោង ដោយសារមិនដឹងស្លាប់នៅទីណាទេ អ្នកឯងជេរមហាក្សត្រកប់ៗមាត់”៕ ដោយ៖ រិន ចំរើន