ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបង្ហាញការសាទរចំពោះលោក លី ច័ន្ទតុលា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៤។ នេះបើតាមការលើកឡើងរបស់លោក កើត រិទ្ធ ក្នុងឱកាសដែលោកចូលរួមក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅថ្ងៃទី១៦ តុលានេះ។
សម្រាប់លោករដ្ឋមន្រ្តី លោកមានជំនឿថា គណៈមេធាវី ក្រោមការដឹកនាំរបស់លោក លី ច័ន្ទតុលា ក្នុងអាណត្តិថ្មីនេះ នឹងបន្តខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់វិជ្ជាជីវៈមេធាវី និងមេធាវី។
ជាពិសេសការរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ដែលជាចក្ខុវិស័យ និងជាគោលការណ៍ការងាររបស់ លោក លី ច័ន្ទតុលា ហើយភាពរឹងមំា សេចក្តីថ្លៃថ្នូរ និងសមត្ថភាពវិជ្ជាជីវៈមេធាវី ក៏ជាកត្តារួមចំណែកដ៏សំខាន់ក្នុងកិច្ចដំណើរការនៃការលើកកម្ពស់ដល់វិស័យយុតិ្តធម៌នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក កើត រិទ្ធ។
សូមជម្រាបជូនថា លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតគាំទ្រសរុបដ៏ច្រើនលើសលប់រហូតដល់ទៅ ២០១៦ ឬស្មើនឹង ៩៨.៥៨% សម្រាប់តំណែងជាប្រធានគណៈមេធាវីអាណត្តិទី១៤នេះ។ មេធាវីទៅបោះឆ្នោតចំនួន ២០៤៥រូប ក្នុងនោះអ្នកទៅបោះឆ្នោតផ្ទាល់ ១៦៤០រូប និងអ្នកបោះឆ្នោតតាមរយៈការប្រគល់សិទ្ធិ ៤០៥រូប៕ ដោយ៖ ឧត្តម