ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចង់ឃើញមេធាវីគ្រប់រូបប្រកាន់យកនូវស្មារតីសន្តិភាពនិយម តាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សា ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅថ្ងៃទី១៦ តុលានេះ លោក កើត រិទ្ធ បានលើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយក្នុងការងារកែទម្រង់វិស័យយុត្តិធម៍។
ម្យ៉ាងវិញទៀតក៏ស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់វិវាទដែលអាចសម្រុះសម្រួលគ្នាបាន ដើម្បីធានានូវស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស។
ព្រមជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យមេធាវីគ្រប់រូបបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព។
បើតាមលោក កើត រិទ្ធ មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះក៏នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ៕ ដោយ៖ឧត្តម