ប្រជាពលរដ្ឋ ៦០៦គ្រួសារ នៅស្រុកស្ទោងទទួលបានពូជស្រូវស្រាល សម្រាប់ការដាំដុះឡើងវិញ

កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ OM ៥៤៥១ (៩០-៩៥ថ្ងៃ) ចែកជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវទាំងស្រង់លើផ្ទៃដីចំនួន ២៦៣ហិចតា ស្មើនឹង ៦០៦គ្រួសារ ស្មើនឹង ៣៥១០០គីឡូក្រាម មកពី ៧ឃុំ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

លោក អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ការចែកពូជស្រូវស្រាលនៅពេលនេះ ប្រមុខរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ស្តារឡើងវិញ ផ្ដល់ជូនប្រជាពលរដ្ឋនៅទីតាំងណាដែលមានការខូចខាតដំណាំស្រូវទាំងស្រុង នៅពេលទឹកស្រកទៅវិញ មានប្រភពទឹកអាចបង្កបង្កើនផលឡើងវិញ ។ ហើយចំពោះទីតាំងណាដែលមានការខូចខាតដំណាំស្រូវ ប៉ុន្តែមិនមានប្រភពទឹកបង្កបង្កើនផលឡើងវិញ យើងនឹងធ្វើការចែកជូននូវពូជបន្លែជាច្រើនមុខផងដែរ។

នៅក្នុងឱកាសនេះ លោក បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងស្ថានភាពទឹកជំនន់ ក៏ដូចជាការគ្រប់គ្រងស្ថានភាពការប៉ះពាល់ដល់ប្រជាពលរដ្ឋ បន្តចុះពិនិត្យទីតាំងណាដែលមានផលប៉ះពាល់ប្រជាពលរដ្ឋ ក៏ដូចជាការខូចខាតដំណាំស្រូវទាំងស្រុងដើម្បីកំណត់មុខសញ្ញាបន្តចែកជូនពូជស្រូវ ក៏ដូចជាពូជបន្លែ បន្ថែមទៀត។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេសៈ។

លោក ងួន រតនៈ បន្តទៀតថា គ្រោះទឹកជំនន់នេះ បានបង្កឲ្យមានការលិចផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព លិចផ្លូវ ពីបាកធ្វើដំណើរ និងការប្រកបមុខរបររកចំណូលប្រចាំថ្ងៃជាដើម។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាអំពីទំហំផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមជួសជុលស្តារឡើងវិញបន្ទាប់ពីទឹកស្រក។

លោក អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទអង្គកម្ពុជា ដែលបានផ្ដល់នូវពូជស្រូវស្រាលក្នុងឱកាសនេះ ៕ ដោយ៖ សាន សៀងហៃ