ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីលិចទូកដនៅស្រុកលើកដែក បណ្តាលឲ្យស្លាប់១១នាក់

ភ្នំពេញ ៖ បន្ទាប់ពីរកឃើញអ្នកស្លាប់គ្រប់ចំនួន ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ដែលជាប់ ពាក់ព័ន្ធធ្វើឲ្យសិស្សសាលាស្លាប់ចំនួន១១នាក់ ក្នុងករណី លិចទូកដ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីម៉ោងប្រមាណជា៧ នារាត្រីថ្ងៃទី១៣ តុលា។

លោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្រ បានប្រាប់ថា នៅថ្ងៃ១៥ តុលាថា នៅពេលកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតហើយ ទើបឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកចំនួន៣ ដើម្បីឲ្យទទួលខុសត្រូវលើករណីនេះ ចាត់វិធានការផ្លូវច្បាប់”។

លោកថា ករណីលិចទូកដរនេះ ក៏ជាការព្រមានដល់ម្ចាស់ទូកដទៃទៀតឲ្យមានស្មារតីប្រុងប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន ខណៈករណីលិចទូកដនេះ អាចកើតមកពីការខ្វះការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។

កាលពីរាត្រីថ្ងៃ១៣ តុលា មានឧប្បទ្ទវហេតុកើតឡើងបង្កឲ្យភ្ញាក់ផ្អើលនៅទូទាំងប្រទេស ក៏ដូចជាមានសារព័ត៌មានល្បីក្នុងពិភពលោកចាប់អារម្មណ៍ ដោយសារមានករណីលិចទូកដដឹកសិស្សសាលា នៅស្រុកលើកដែកបណ្តាលឲ្យបាត់ខ្លួន ១៥នាក់ ប៉ុន្តែក្រោយមានការជួយជ្រោមជ្រែងពីអ្នកពាក់ព័ន្ធបានរកឃើញជាបន្តបន្ទាប់ ។ ក្នុងហេតុការណ៍ នោះមានអ្នកស្លាប់១១នាក់ ហើយម្នាក់ចុងក្រោយគេបានឃើញនៅម៉ោង៦ព្រឹកនេះ៕ ដោយ៖ រិន ចំរើន