ការងារជាង២ម៉ឺនកន្លែង កំពុងរង់ចាំអ្នកស្វែងរកការងារ ក្នុងពិព័រណ៍ការងារនៅថ្ងៃ២៨-២៩តុលា

ភ្នំពេញ ៖ ឱកាសការងារជាង២ ម៉ឺនកន្លែងមកពីបណ្តាក្រុមហ៊ុនធំៗ ចំនួន១៥០ នឹងវិលមកជួបគ្នាជាថ្មីនាថ្ងៃទី២៨-២៩ចុងខែតុលា ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំនៅកម្ពុជា ។

បើតាមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១៣ តុលាបានឲ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិដែលសហការរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស.ស.យ.ក រាជធានីភ្នំពេញ និង GMAC នឹងនាំមកនូវឱកាសការងារជាង ២ ម៉ឺនកន្លែងពីក្រុមហ៊ុនធំៗ ចំនួន១៥០ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃ គឺថ្ងៃ ទី២៨-២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។

ដោយស្ថិតក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព និងបន្ទាប់ពីការខកខានរៀបចំដោយជួបគ្នាផ្ទាល់ក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ឥឡូវនេះពិព័រណ៍ការងារ បានវិលត្រឡប់មកបម្រើសេវាការងារ និងផ្តល់ជូននូវឱកាសការងារដ៏សន្ធឹកសន្ធាប់ និងសុវត្ថិភាពជូនដល់និយោជក អ្នកស្វែងរកការងារ និងសាធារណជនទូទៅយ៉ាងទូលំទូលាយ។

ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង និស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់ផលិតភាព ដើម្បីជំរុញប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពក្នុងការងារ វឌ្ឍនភាពរបស់សហគ្រាស គ្រឹះស្ថាន និងកំណើនសេដ្ឋកិច្ច ដែលចែករំលែកចំណេះដឹងដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗផងដែរ។

ដូច្នេះ ជនរួមជាតិទាំងអស់ ជាពិសេសយុវជន សិស្ស/និស្សិត អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីចាប់យកឱកាសការងារដែលរង់ចាំផ្តល់ដោយក្រុមហ៊ុនធំៗ, ព្រមទាំងស្វែងយល់ពីជំនាញដែលទីផ្សារការងារកំពុងត្រូវការជ្រើសរើស។ កុំភ្លេចត្រៀម CV ឲ្យច្រើន ដើម្បីដាក់ពាក្យស្នើសុំការងារបានកាន់តែច្រើនជម្រើស៕ ដោយ៖ រិន ចំរើន