ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ

សៀមរាប៖ ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។

លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់ បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត ទើបចាប់ចិត្តចង់ចូលទស្សនាទិដ្ឋភាពនៅទីនេះ។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះ ពិតជាមិនខកបំណងឡើយ ព្រោះមានទេសភាពស្រស់ស្អាត ផ្ទៃទឹកខៀវស្រងាត់ ព្រមជាមួយសត្វស្លាបហោះហើរឆ្លងកាត់ព្រោងព្រាតជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ។

ចំណែកលោកសេង គុណ ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគង បាននិយាយថា ក្រោយទទួលបានព័ត៌មានអំពីការជួសជុលស្ពានថ្មី នៅមុខប្រាសាទនាគព័ន្ធបានរួចរាល់ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ហើយនោះ លោកក៏បានសម្រេចចិត្តមកទស្សនាប្រាសាទនាគព័ន្ធនេះ។ ក្នុងនោះលោកសង្កេតឃើញ ស្ពានថ្មីនេះមានភាពរឹងមាំ ស្រស់ស្អាត និងធំទូលាយជាងមុន។ លោកក៏រំពឹងថា និងមានភ្ញៀវទេសចរមកទស្សនា ប្រាសាទនាគព័ន្ធនេះកាន់តែច្រើនថែមទៀត។
លោកសេង គុណ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់ក្នុងការស្ថាបនាស្ពានថ្មីនេះ ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាត ស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

គួររំឭកថា បារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយ:កាលជិតមួយពាន់ឆ្នាំមកហើយ បារាយណ៍នេះ មានបណ្តោយ៣៦០០ម៉ែត្រ និងទទឹង ៩៣០ម៉ែត្រ ។
ដោយសារភាពរីងស្ងួតអស់កាលជាយូរឆ្នាំមកហើយ នៅក្នុងឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ មានទំនប់ និងប្រឡាយបង្ហូរទឹក ដើម្បីអាចរក្សាទឹកក្នុងបារាយណ៍បាន ហើយនៅក្នុងឆ្នាំ២០០៧ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហូរទឹកចូលមក ធ្វើឱ្យបារាយណ៍ជ័យតដាក មានជីវិតសារជាថ្មីម្តងទៀត។
បច្ចុប្បន្នបារាយណ៍នេះ បានដើរតួយ៉ាងសំខាន់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្ស ក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅប្រាសាទព្រខ័ន្ធ៕ ដោយ៖ គង់ សេដ្ឋាមុនី