ភ្នំពេញ៖ ជនជាតិចិន បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ទៅបុកស្ត្រីម្នាក់ ដែលកំពុងដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យស្ត្រីរូបនោះ រងរបួសធ្ងន់។
ហេតុការណ៍គ្រោះចរាចរណ៍នេះ បាន កើតឡើងកាលពីវេលាម៉ោង ១០និង ១៥នាទីយប់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៣៦០ កែងផ្លូវ ៦៣ ក្នុងសង្កាត់បឹង កេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីម្នាក់រងគ្រោះ បានអង្គុយហូបបាយ នៅចញ្ចើមផ្លូវត្រង់ចំណុចកើតហេតុខាងលើ រួចក៏បានដើរឆ្លងផ្លូវ។
ភ្លាមនោះ ស្រាប់តែមានរថយន្តម៉ាក Range Rover មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP.5331 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម និងមិនបានប្រយ័ត្នក៏បានបុកស្ត្រីរងគ្រោះខាងលើ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ បណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តមិនបានបើករថយន្តរត់គេចនោះទេ ដោយបានឈប់រថយន្តចុះមើលស្ត្រីរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមក នាំខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី ១ ដើម្បីចាត់ការតាមនីតិវិធី។
ចំណែកស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះអាយុជីវិត និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនាពេលក្រោយ៕
ដោយ៖ ឆែម ពិសិដ្ឋ