ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃបើកឱ្យដំណើរការសាកល្បងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពីថ្ងៃទី១-១០ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ១២៥ ៩៩៨គ្រឿង បានធ្វើចរាចរណ៍ដោយបានចេញចូលតាមស្ថានីយទាំង ៨ទីតាំង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសា ធារណការ នាថ្ងៃទី១០ តុលា បាន ឱ្យ ដឹង ថា ក្នុងចំណោម យានយន្តចំនួន ១២៥ ៩៩៨គ្រឿងដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។
ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើរ ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕ដោយ៖ រិន ចំរើន