ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដាំផ្ញើទៅដល់ក្រុមប្រឆាំងដែលចាំតែរិះគន់ស្ថិតនៅក្រៅប្រទេសថា នៅលើលោកិយ៍នេះ គ្មាននរណាមួយមិនខ្លាចស្លាប់ឡើយ ព្រោះបើក្រុមប្រឆាំងមិនខ្លាចស្លាប់ មិនមែនរត់ចោលស្រុកនោះទេ។
ក្នុងពិធីបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោបានរំលឹកថា នៅក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋនៅខេត្តសៀមរាប នាពេលថ្មីៗនេះ សម្ដេច បានលើកឡើងថា សម្ដេច មិនព្រមយកធាតុរបស់ខ្លួន នៅដាក់ចេតិយក្នុងវត្តនៅរាជធានីភ្នំពេញទេ។
សម្ដេចតេជោបញ្ជាក់ថា «ស្រាប់តែចាប់ផ្ដើម បានបង្កើតតុមូលមួយជជែកគ្នា គេដាក់បញ្ហាថា ហេតុអីបានជា លោក ហ៊ុន សែន អត់ព្រមទៅនៅវត្ត? ពេលងាប់ហើយមិនព្រមទៅវត្ត កោតតែអាចនិយាយ ដល់សន្និដ្ឋានចុះ សន្និដ្ឋានឡើង គឺនិយាយថា លោក ហ៊ុន សែន ពិតជាខ្លាចភ័យណាស់ ខ្លាចងាប់។ សូមផ្ដាំត្រឡប់ទៅវិញ នៅលើលោកិយ៍នេះ គ្មានអ្នកណាមិនខ្លាចងាប់ទេវើយ»។
សម្ដេចតេជោ បានចំអកចំអនឱ្យក្រុមប្រឆាំងថា បើមិនខ្លាចស្លាប់ទេ មិនចាំបាច់រត់ចោលស្រុកខ្មែរឡើយ។ សម្ដេចថា អ្នកណាក៏ដោយ សុទ្ធតែចង់រស់ ដោយសារ បញ្ហាទាំងនេះហើយទើប សម្ដេចរត់ទៅវៀតណាម ដើម្បីរកវិធីសាស្ដ្ររំដោះប្រទេស ដោយសម្ដេចមិនរត់ចោលស្រុកដូចក្រុមប្រឆាំងនៅក្រៅប្រទេសនោះទេ។
សូមបញ្ជាក់ថា ក្រុមប្រឆាំងបានធ្វើការវិភាគ ជុំវិញភរិយារបស់សម្ដេចតេជោ សាងសង់ចេតិយទុករួចរាល់សម្រាប់សម្ដេចស្ថិតនៅក្នុងវត្ត មុនីសុវណ្ណ ឬវត្តចំពុះក្អែក ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ តែសម្ដេចមិនទទួលយកឡើយ។ ដោយពួកគេថា សម្តេចខ្លាចស្លាប់៕ ដោយ៖ រិន ចំរើន