សម្ដេចតេជោ ហ៊ុន សែន បញ្ជូនសារទៅពលរដ្ឋនៅឃុំព្រះដាក់ឱ្យស្ងប់ស្ងាត់ ហើយបញ្ជូនរដ្ឋមន្ត្រីពីររូប ទៅជួបពន្យល់នៅទីនោះ នាថ្ងៃស្អែកតែម្ដង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅឯឃុំព្រះដាក់ ខេត្តសៀមរាប ដែលម្សិលមិញនេះ មានការប្រមូលផ្ដុំការតវ៉ាមួយ ដោយប្រជាពលរដ្ឋទូទាំងឃុំនោះតែម្ដង អំពីការរើចេញពីឃុំព្រះដាក់ មកកាន់រុនតាឯក ខ្ញុំក៏គួរតែត្រូវនិយាយថា យើងមិនទាន់បានមានការប៉ះពាល់ណាមួយ ទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះ មានគេហៅថា បារាយណ៍ខាងកើត ដែលអាចមានទឹករហូតទៅដល់ ៣០ម៉ឺនម៉ែត្រគីប ប៉ុន្តែជាមួយនឹងការគិតគូរបែបនេះ យើងក៏បានដឹងដែរថា ឃុំព្រះដាក់ ត្រូវបានកសាងឡើងប្រមាណជា ៣០០, ៤០០ឆ្នាំ រួចមកហើយ…ហើយឃុំនេះឋិតនៅជាឃុំមួយ ដែលទាក់ទងនឹងផ្នែករដ្ឋបាលដែនដីរបស់យើងផង»។

សារខាងលើនេះត្រូវបានហ្វេសប៊ុក យុវជន៧មករា ផ្សាយបន្ត និងបានបញ្ជាក់បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការងើងឆ្ងល់ ថាតើហេតុដូចម្ដេចបានជាប្រជាជននៅឃុំព្រះដាក់ ចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ ដោយសម្ដេចបញ្ជូនសារទៅប្រជាពលរដ្ឋនៅទីនោះថា សូមរក្សាភាពស្ងប់ស្ងាត់។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀថា «ប៉ុន្តែហេតុយ៉ាងដូចម្ដេច បានជាប្រជាជនចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ ខ្ញុំសូមយកឱកាសនេះ បញ្ជូនសារនេះទៅជូនប្រជាពលរដ្ឋនៅទីនោះ សូមស្ងប់ស្ងាត់ យើងគិតគូរដោយម៉ត់ចត់»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច នឹងបញ្ជូន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅជួបប្រជាពលរដ្ឋនៅឃុំព្រះដាក់នៅថ្ងៃស្អែក ដើម្បីពន្យល់ប្រជាពលរដ្ឋនៅទីនោះតែម្ដង៕
ដោយ៖ គង់ សេដ្ឋាមុនី