អភិបាលខេត្តត្បូងឃ្មុំ និងភរិយា នាំយកអំណោយកាកបាទក្រហមផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ៣៨គ្រួសារ

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហម នាំយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ ចំនួន ៣៨គ្រួសារ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ នៅថ្ងៃពុធ ទី៥ ខែតុលានេះ។

លោកភិបាលខេត្ត បានលើកឡើងថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា មិនដែលទុកប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ មានការលំបាកខ្វះខាត និង ងាយរងគ្រោះចោលឡើយ គឺតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតបីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះលោកភិបាលខេត្ត ក៏បានអំពាវនាវ និងផ្ដាំផ្ញើដល់លោកតាលោកយា និងប្រជាពលរដ្ឋទាំងអស់ត្រូវចងចាំពាក្យ “អរគុណសន្តិភាព” ក្នុងក្រអៅបេះដូងរបស់ខ្លួន កូនៗចៅៗជារៀងរហូត និងបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ខណៈការចាក់វ៉ាក់សាំងនេះ សម្តេចតេជោផ្តល់ជូនដោយឥតគិតថ្លៃ និងបន្តរហូតដល់ដូសទី២០។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដល់គ្រួសារនីមួយៗ រួមមាន៖ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង និងថវិកា២០,០០០ រៀល ផងដែរ ព្រមទាំងចែកនំចំណីដល់កុមារាកុមារី ដោយក្តីអាណិតស្រលាញ់ផងដែរ៕ ដោយ៖ ឆឹម ទិត