កម្ពុជាដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារដែលរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា” ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោល បំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណានេះ ក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារប្រជា ពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។

បើតាមសេចក្ដីប្រកាសព័ត៍មាន ក្រសួងផែនការដែលជាសេនាធិការរាជរដ្ឋាភិបាលនឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅ ដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះដែលលក្ខណៈសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យ នៃគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេសនឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។

ភាពងាយរងគ្រោះនៃ “គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ” ត្រូវបានកំណត់ដោយផ្តោតលើគ្រួសារដែលរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចតទៅ ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។
កម្រិតប្រាក់ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាពេលក្រោយ៕ដោយ៖ សាន សៀងហៃ