ភ្នំពេញ៖ ជាដំណឹងដ៏រីករាយ ពីទន្លេមេគង្គ ! ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលរបស់រាជរដ្ឋាភិបាល និងអង្គការ WWF បានថតរូបកូនផ្សោតទន្លេមេគង្គមួយក្បាលកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ហើយបានបញ្ជាក់ថា វាជាកូនទីប្រាំមួយដែលត្រូវបានកត់ត្រានៅឆ្នាំនេះ។
រដ្ឋបាលជលផល និងអង្គការ WWF បានបញ្ជាក់ថា បានកូនផ្សោតថ្មីមួយក្បាលនេះមានអាយុប្រហែល ២សប្តាហ៍ បានប្រទះឃើញហែលជាមួយសត្វផ្សោតពេញវ័យចំនួន៤ក្បាលផ្សេងទៀត ខណៈដែលក្រុមការងារកំពុងចុះសិក្សាស្រាវជ្រាវអំពីចំនួនសត្វផ្សោត ក្នុងតំបន់ទីជម្រកស្ថិតនៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីអង្លង់កាំពីនៃខ្សែទឹកខាងលើក្នុងស្រុកសំបូរ ខេត្តក្រចេះ។ គួររំលឹកផងដែរថា កូនសត្វផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាកាលពីឆ្នាំ២០២១។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលនេះជាចំណាត់ថ្នាក់នៃប្រភេទគំរាមកំហែងខ្ពស់បំផុតជាសកលសម្រាប់ប្រភេទសត្វជិតផុតពូជ។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨៩ ក្បាល (២០២០) ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ រដ្ឋបាលជលផល និងអង្គការ WWF នឹងសហការជាមួយអាជ្ញាធរមូលដ្ឋានកាន់តែខ្លាំងក្លាជាងមុនក្នុងការការពារតំបន់ដែលជាទីជម្រកសត្វផ្សោត ខណៈពេលបន្តពង្រឹងការអនុវត្តច្បាប់ជលផល និងវិធានការអភិរក្សសត្វផ្សោតនៅទូទាំងទីជម្រកសត្វផ្សោតទាំងមូលតាមដងទន្លេមេគង្គចាប់ពីខេត្តក្រចេះ រហូតដល់ខេត្តស្ទឹងត្រែង។ សកម្មភាពទាំងនេះនឹងធ្វើឡើងតាមរយៈការល្បាតជាប្រចាំរបស់ឆ្មាំទន្លេ និងការចូលរួមរបស់សហគមន៍នេសាទក្នុងកម្មវិធីអភិវឌ្ឍជីវភាពមូលដ្ឋាន និងចូលរួមក្នុងការអភិរក្សសត្វផ្សោត និងពពួកត្រីមេពូជដោយបញ្ឈប់ឱ្យបាននូវការនេសាទខុសច្បាប់ ជាពិសេសបញ្ឍប់ការប្រើប្រាស់មងនេសាទ ឧបករណ៍ឆក់ និងឧបករណ៍ផ្សេងៗទៀតដែលហាមប្រាមដោយច្បាប់៕
ដោយ៖ គង់ សេដ្ឋាមុនី