កំពង់ធំ៖ ក្រសួងធនធានទឹកនៅថ្ងៃទី៣ តុលានេះ បានបង្ហោះរូបភាពទឹកជន់លិចផ្លូវមួយចំនួនជុំវិញក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈដែលស្ថានីយវាស់កំពស់ទឹកស្ទឹងសែន ក្រុងស្ទឹងសែន មានកំពស់ ១៣,៩៥ម ដែលលើសកំពស់ឲ្យមានការប្រុងប្រយ័ត្នបឋម ០,៤៥ម ( កំពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ម )។
បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះបានធ្វើឲ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និងនៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅត្រង់ម្តុំផ្សារចាស់ ( ត្រើយខាងជើងនៃស្ទឹងសែន ) ប្រវែងប្រហែល ១០០ម៉ែត្រ មានកំពស់ប្រហែល១០ទៅ១៥សង់ទីម៉ែត្រ។
ក្រសួង បន្តថា ចំណែកឯខាងត្បូងស្ទឹងទឹកមិនទាន់មានការជន់លិចផ្លូវនៅឡើយទេ ដូចជា ៖ តាមផ្លូវ សាលាខេត្ត, ផ្សារថ្មី, មន្ទីរពេទ្យ, វិមានឯករាជ្យ និងមន្ទីរអង្គភាពនានា៕ ដោយ៖ ឧត្តម