ភ្នំពេញ ៖ ដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ “NORU” បក់បោកមកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គនោះ នឹងបណ្តាលឱ្យកម្ពស់ទឹកទន្លេហក់ឡើងខ្ពស់ ធ្វើឱ្យលិចលង់តំបន់ទំនាបមួយចំនួនអមតាមដងទន្លេ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃ២៩ កញ្ញា។
ក្រសួងឱ្យដឹងទៀត ក្នុងនោះ ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ , ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ ។
ស្ថានភាពបែបនេះ ក្រសួងបញ្ជាក់ថា “ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត” ។
ដោយឡែក នៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ៕ដោយ៖ គង់ សេដ្ឋាមុនី