ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ បានបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ ស្រី២៥នាក់ ជនជាតិឥណ្ឌាចំនួន០១នាក់ ភេទប្រុស និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឪ្យដឹងថា ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕
ដោយ៖ សាន សៀងហៃ