ភ្នំពេញ៖ ត្រីប៉ាសាណាកពេញវ័យ អាចធំធាត់ និងមានទម្ងន់ដល់ទៅ ៣០គីឡូក្រាម ត្រូវបានគេកត់ត្រាជាលើកដំបូងនៅក្នុងទន្លេមេគង្គ ក្នុងរយៈពេល១៨ឆ្នាំមកនេះ តាមរយៈគម្រោងដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID)។
កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ត្រីមួយប្រភេទក្នុងចំនោមប្រភេទត្រីដែលរងការគំរាមកំហែងខ្លាំងបំផុតរបស់ពិភពលោកត្រូវបានគេរកឃើញឡើងវិញដោយមិនបានរំពឹងទុក នៅឯភាគខាងជើងប្រទេសកម្ពុជា។
ត្រីប៉ាសាណាកពេញវ័យ (Aaptosyax grypus) មិនធ្លាប់ត្រូវបានគេកត់ត្រាជាផ្លូវការឡើយចាប់តាំងពីឆ្នាំ២០០៤។ ប៉ុន្តែនៅដើមឆ្នាំនេះ សំណាកត្រីទម្ងន់ប្រមាណ៦គីឡូក្រាម ត្រូវបានរាយការណ៍ថាប្រទះឃើញនៅផ្សារត្រីមួយកន្លែងស្ថិតនៅតាមដងទន្លេមេគង្គ ដែលជាប្រព័ន្ធទន្លេតែមួយគត់នៅលើផែនដីដែលប្រភេទត្រីនេះរស់នៅ។
ត្រីប៉ាសាណាក ជាប្រភេទត្រីកម្រ ដូច្នេះវាត្រូវបានគេប្រសិទ្ធនាមទៅនឹង ខ្មោចទន្លេមេគង្គ។ វាត្រូវបានគេចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការផុតពូជក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ ទោះជាត្រីប៉ាសាណាកមួយក្បាលនេះមិនត្រូវប្រទះឃើញពេលវានៅរស់ និងមិនដឹងពីមូលហេតុស្លាប់របស់វាក៏ដោយ ក៏វត្តមានរបស់វាបានបង្កើនក្តីសង្ឃឹមថាប្រភេទសត្វនេះនៅតែមាននៅក្នុងទន្លេមេគង្គនៅឡើយ។
លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប នៃរដ្ឋបាលជលផលកម្ពុជាបានមានប្រសាសន៍ថា «បន្ទាប់ពីធ្វើការស្រាវជ្រាវត្រីប្រភេទនេះជាងពីរទសវត្សរ៍មក ខ្ញុំពិតជាមានសេចក្ដីរីករាយណាស់ ក្នុងការបញ្ជាក់ពីវត្តមាននៃត្រីកម្រមួយប្រភេទនេះ»។
«ឆ្នាំនេះគឺជាឆ្នាំទទួលបាននូវភាពភ្ញាក់ផ្អើលយ៉ាងក្រៃលែង នៃវត្តមានសត្វព្រៃរស់នៅក្នុងទន្លេមេគង្គ ប៉ុន្តែកិច្ចការមួយនេះនៅមិនទាន់ចប់នៅឡើយទេ ហើយភាពជោគជ័យនៃការអភិរក្សជីវៈចម្រុះក៏នៅមានដំណើរដ៏វែងឆ្ងាយតទៅទៀត» នេះបើតាមប្រសាសន៍ របស់លោកបណ្ឌិត ហ៊្សែប ហូហ្គេន ជីវៈវិទូផ្នែកមច្ឆជាតិ នៃសកលវិទ្យាល័យណេវ៉ាដារ៉េណូ ដែលជាអ្នកដឹកនាំគម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ ដោយទទួលមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID)។
ទន្លេមេគង្គ ហូរកាត់ប្រទេសចំនួនប្រាំមួយនៅអាស៊ី គឺជាទីប្រជុំនៃជីវៈចម្រុះពិភពលោក និងជាជម្រករបស់មច្ឆជាតិប្រមាណ ១០០០ ប្រភេទផ្សេងៗគ្នា ដែលទាំងនោះរួមមានត្រីទឹកសាបដ៏ធំបំផុតមួយចំនួនរបស់ពិភពលោកផងដែរ។ ប៉ុន្តែទន្លេនេះ និងដៃជាច្រើនរបស់វា ដែលបានទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សរាប់សិបលាននាក់ បានស្ថិតនៅក្រោមការគម្រាមកំហែងកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីការសាងសង់ទំនប់ ការនេសាទហួសប្រមាណ និងការប្រែប្រួលអាកាសធាតុ រួមផ្សំជាមួយនឹងការប្រឈមនានា ចំពោះប្រភេទត្រីយក្ស ដែលមានវត្តមាននៅក្នុងទន្លេនេះ។
អ្នកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គមានប្រសាសន៍ថា«ការរកឃើញវត្តមាន ជីវៈចម្រុះនាពេលថ្មីៗនៅក្នុងទន្លេមេគង្គ គឺជាលទ្ធផលនៃការផ្សព្វផ្សាយដល់ប្រជាជនក្នុងតំបន់ ដែលភាគច្រើនមានចំណេះដឹងជ្រៅជ្រះអំពីទន្លេ និងពឹងផ្អែកលើទន្លេ និងសត្វព្រៃឯទៀតដែលអាស្រ័យនៅទន្លេនេះ»។
ការត្រឡប់មកវិញរបស់ត្រីប៉ាសាណាក ត្រូវបានបញ្ជាក់ប្រាប់ បន្ទាប់ពីសំណាកត្រីប្រវែងជិតមួយម៉ែត្រ ត្រូវបានគេឃើញនៅផ្សារត្រី។ បន្ទាប់មក អាជីវករបានទាក់ទងទៅលោកសុខហេង ហើយតាមរយៈការផ្ញើសាររូបថតមួយសន្លឹក លោក សុខហេង អាចកំណត់អត្តសញ្ញាណបានថាវាជាត្រីប៉ាសាណាកដ៏ធំមួយក្បាល ដោយផ្អែកលើថ្គាមខាងក្រោមធំ មានគន្លាក់ គ្របដោយថ្គាមខាងលើ ឆ្នូតពណ៌លឿងនៅលើក្បាល និងរាងមូលទ្រវែងស្រដៀងទៅនឹងត្រីសាម៉ុន។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់ DNA របស់ត្រីដែលងាប់នេះ ដើម្បីបង្កើតជាឧបករណ៍ផ្សេងៗសម្រាប់សិក្សាពីរបាយនៃត្រីប្រភេទនេះ។ ពួកគាត់ក៏សង្ឃឹមថានឹងរកឃើញគំរូត្រីប្រភេទនេះដែលមានជីវិតជាច្រើនទៀតនៅក្នុងទន្លេ ដែលអាចបំពាក់ស្លាកសញ្ញា និងលែងចូលទៅក្នុងទន្លេវិញសម្រាប់ការសិក្សាបន្តទៀត។
«ការរកឃើញត្រីដ៏អស្ចារ្យមួយទៀតនេះ ប៉ុន្តែវាជិតផុតពូជទៅហើយ ពីក្នុងតំបន់ដែលទ្រទ្រង់ដល់ការចិញ្ចឹមជីវិត និងសន្តិសុខស្បៀង សម្រាប់មនុស្សរាប់លាននាក់ បង្ហាញយ៉ាងច្បាស់ពីតម្រូវការជាបន្ទាន់ នូវកម្មវិធីអភិរក្ស និងជាប្រយោជន៍ដ៏មានសក្តានុពលដល់រដ្ឋាភិបាល ក្រុមអ្នកវិទ្យាសាស្ត្រ និងសហគមន៍មូលដ្ឋាន ចូលរួមទាំងអស់គ្នាការពារសុវត្ថិភាពនៃអច្ឆរិយភាពនៃទន្លេមេគង្គ» នេះបើតាមសំដីរបស់លោកបណ្ឌិត ហូហ្គេន៕
ដោយ៖ គង់ សេដ្ឋាមុនី