ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសារលិខិត គាំទ្រ និងមានជំនឿជឿជាក់លើមហាសន្និបាតគណបក្សកុម្មុយនីស្ដចិនលើកទី២០នេះ នឹងដាក់ចេញនូវយុទ្ធសាស្រ្ដស៊ីជម្រៅ និងទិសដៅថ្មី ដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ គណបក្សកុម្មុនីស្ដចិននឹងប្រារព្ធបើក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ព្រឹទ្ធសភាកម្ពុជាពិតជាមានជំនឿជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតនាឱកាសនេះនឹងដាក់ចេញនូវយុទ្ធសាស្រ្ដស៊ីជម្រៅ និងទិសដៅថ្មីៗប្រកបដោយឆន្ទ:មោះមុត និងការប្ដេជា្ញចិត្តខ្ពស់ថែមទៀត ដើម្បីបន្ថែមល្បឿនក្នុងការពង្រឹងការអភិវឌ្ឍ និងជំរុញធ្វើយ៉ាងណាឱ្យប្រទេស និងប្រជាជនចិនឈានឆ្ពោះទៅរកភាពកាន់តែសម្បូររុងរឿងបន្ថែមទៀត។
មហាសន្និបាតគណបក្សកុម្មុយនីស្ដចិនលើកទី២០នេះពិតជាមានសារ:សំខាន់ដ៏ធំធេងសម្រាប់ប្រទេស ប្រជាជន និងគណបក្សកុម្មុយនីស្ដចិន ជាពិសេស ចំពេលដែលសាធារណ:រដ្ឋប្រជាមានិតចិន បាននិងកំពុងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយវិបុលភាព កិត្យានុភាព និងការកសាងសង្គមនិយមតាមលក្ខណ:ពិសេសរបស់ប្រទេសចិន។
ព្រឹទ្ធសភាកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាតិដ៏ធំមហាសាលលើគ្រប់វិស័យដែលថ្នាក់ដឹកនាំ និងប្រជាជនចិនសម្រេចបានក្នុងរយ:ពេលកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់កុម្មុយនីស្ដចិន ហើយបានធ្វើឱ្យប្រទេសចិនក្លាយមហាអំណាចសេដ្ឋកិច្ចសេដ្ឋកិច្ចទី២ក្នុងពិភពលោក និងបាននាំឱ្យប្រជាជនចិនចាកផុតពីភាពក្រីក្រចាប់តាំងពីឆ្នាំ២០២០កន្លងមក។ជាងនេះទៀត ការអភិវឌ្ឍ និងតួនាទីស្នូលដ៏មានសារ:សំខាន់មិនអាចខ្វះរបស់ចិនបាន បាននាំមកនូវសន្ដិភាព ស្ថិរភាព វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោក។
ដោយឡែក សិ្ថតក្នុងបរិបទនៃការវិវត្តប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្ដរជាតិជាបន្ដបន្ទាប់ កម្ពុជានៅតែប្រកាន់ភ្ជាប់នូវគោលជំហរឥតងាករេរបស់ខ្លួន ចំពោះការគាំទ្រគោលនយោបាយចិនតែមួយ ហើយចាត់ចែងទុកចិនជាជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ។ជាមួយគ្នានេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិន និងប្រទេសយើងទាំងពីរត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់បំផុត គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រាយ ជាមិត្តភាពដែកថែប និងសហគមន៏វាសនារួម កម្ពុជា- ចិន។
ជាមួយគ្នានេះ កម្ពុជា ជូនពរឱ្យមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីសាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវជោគជ័យដ៏ធំធេងនិងថ្មីៗថែមទៀត ជាពិសេសការសម្រេចបាននូវគោលដៅក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿងខ្លាំងខ្លា ប្រជាធិបតេយ្យ វប្បធម៌រុងរឿងជឿនលឿន និងសុដុមរមនានៅឆ្នាំ២០៤៩៕
ដោយ៖ សាន សៀងហៃ