ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និង ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស។
អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិ បាលជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏មានវត្តមាននៅក្នុងឱកាសនោះផងដែរ។
គួររម្លឹកដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃ ទី២១ ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២៕ដោយ៖ គង់ សេដ្ឋាមុនី