ករណីសម្លាប់មនុស្សដាក់ក្នុងរថយន្ត៖ ជនដៃដល់សារភាពថា ដោយសារតែជ្រុលដៃប្រើអំពើហិង្សាទើបធ្វើឱ្យជនរងគ្រោះស្លាប់

បាត់ដំបង៖ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់សម្លាប់ស្រ្តីរងគ្រោះដាក់ក្នុងរថយន្តព្រូស(PRIUS) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 រួចហើយយកទៅប្លុងចោលនៅក្រោយផ្សារទំនើបពូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ហើយការសម្លាប់នេះគឺដោយសារតែខ្លួនជ្រុលដៃសម្លាប់ ខណៈដែលខ្លួនមានជម្លោះពាក្យសម្តីជាមួយជនរងគ្រោះលើរថយន្ត។ នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២៦ កញ្ញានេះ។

ជនដៃដល់មានឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចថៃចាប់ខ្លួនបានលើទឹកដីថៃ។ ដោយឡែកស្រ្តីរងគ្រោះមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញផងដែរ។

ប្រភពដដែល បានបន្តថា ជនដៃដល់បានដឹកសាកសពជនរងគ្រោះពីភ្នំពេញ មកប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង ក្នុងអំឡុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ទើបគេប្រទះឃើញសាកសពនៅក្នុងរថយន្ត បន្ទាប់ពីមានក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុជនរងគ្រោះបានចាកចញពីផ្ទះជាមួយរថយន្តខាងលើ កាលពីថ្ងៃកាន់បិណ្ឌទី១ គឺអំឡុងថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២២ ហើយក៏បាត់ការទាក់ទងតាមទូរស័ព្ទចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ពេលប្រទះឃើញរថយន្តនិងសាកសពតែម្តង។

ជុំវិញករណីនេះសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត និងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕ ដោយ៖ឧត្តម