សម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំងសាងសង់អគ្គស្នងការនគរបាលជាតិថ្មី បន្ទាប់ពីមានសំណើរសុំដោះដូរ

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង រួមជាមួយថ្នាក់ដឹកនាំក្រសួងបានចុះពិនិត្យទីតាំងសាងសង់ អគ្គស្នងការដ្ឋាននគរបាលជាតិថ្មី ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ ភាគខាងត្បូង រាជធានីភ្នំពេញ។

ប្រភពដដែលមិនបានបញ្ជាក់ព័ត៌មានលម្អិតនៃដំណើរចុះត្រួតពិនិត្យទីតាំងសាងសង់អគ្គស្នងការនគរបាលជាតិថ្មីនោះទេ ថាតើដំណើរការសាងសង់បានដល់ដំណាក់កាលណាហើយ នឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះទេ។

សូមរំលឹកថាជូនថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ បានធ្វើលិខិតស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំឲ្យមានការដោះដូរទីតាំងដីអគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនផ្លាស់ទៅទីតាំងថ្មីនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមហេតុផលថា ដោយសារអគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម និងតូចចង្អៀត។

ម្យ៉ាងវិញទៀត ទីតាំងបច្ចុប្បន្នគឺខ្វះអគារសម្រាប់កងកម្លាំងបំពេញការងារប្រចាំថ្ងៃ កន្លែងសម្រាប់ប្រចាំការ កន្លែងកម្លាំងហ្វឹកហាត់ ឃ្លាំងរក្សាទុកអាវុធ ចំណតរក្សាទុករថយន្ត ឃ្លាំងដាក់សម្ភារផ្សេងៗ និងនាយកដ្ឋានមួយចំនួនកើនឡើងជាបន្តបន្ទាប់ធ្វើឲ្យជួបការលំបាកក្នុងការបំពេញការងារភារកិច្ចប្រចាំថ្ងៃ ហើយនៅពេលកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការម្តងៗ ច្រកចេញចូលមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ។

លិខិតដដែល បានបញ្ជាក់ថា ដើម្បីងាយស្រួលក្នុងការបំពេញការងារ និងកែសម្រួលទីតាំងឲ្យមានលក្ខណៈសមស្របតាមស្តង់ដារ អគ្គស្នងការនគរបាលជាតិ សុំគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Long Ma Invest And Real Estate Co., LTD ធ្វើការដោះដូរទីតាំងខាងលើនេះ និងសុំធ្វើប័ណ្ណកម្មសិទ្ធិមុនធ្វើការអភិវឌ្ឍជាថ្នូរនឹងទីតាំងដីរបស់ក្រុមហ៊ុនដែលមានទំហំ ៧០,០០០ ម៉ែត្រការ៉េ។

ក្នុងនោះក្រុមហ៊ុននឹងធ្វើការសាងសង់អគារនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលមានទំហំ ៣២ ម៉ែត្រគុណ ៦០ ម៉ែត្រកម្ពស់ ១០ ជាន់មានចំនួន ១ អគារ អគារស្នាក់នៅរបស់កងកម្លាំង ២ អគារតាមបទដ្ឋានបច្ចេកទេស លក្ខណៈស្តង់ដារ ទាំងគុណភាព និងសោភណភាពព្រមទាំងបំពាក់សម្ភារ បរិក្ខារទំនើបៗ និងរៀបចំបណ្តាញទឹកភ្លើង ជណ្តើរយន្ត ម៉ាស៊ីនត្រជាក់ និងចាក់ដីបំពេញបន្ថែមលើទីតាំង ធ្វើរបងព័ទ្ធជុំវិញខ្លោងទ្វារ ប៉ុស្តិ៍យាមជូនវិញផងដែរ៕ ដោយ៖ ឧត្តម