កំពង់ចាម៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៤០ នាទី នៅចំណុច ខុនដូរ អិល បឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីជំពាក់កូនតុងទីនជាច្រើននាក់រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ។
បើតាមកងរាជអាវុធហត្ថខេត្តកំពង់ចាម ករណីលេងតុងទីនតាមអនឡាញដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់ មាន.ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។
តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមាន លេខ ០២ និងលេខ ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក (តុងទិនតាមអនឡាញ)។
បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី ៕