ជប៉ុនផ្តល់ឥណទានសម្បទាន ចំនួន ១៤១ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅកម្ពុជា

លោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ បានចុះហត្ថលេខាជាមួយ លោក Sanui Kazumasa ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំ កម្ពុជា លើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ដែលមានទឹកប្រាក់ចំនួន ២១ ១០៤ លានយ៉េនជប៉ុន ឬ ប្រមាណ ១៤១ លានដុល្លារអាម៉េរិក (តាមអត្រាបានកំណត់ក្នុងឯកសារកិច្ចព្រមព្រៀង) ។

គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ គឺជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោមគម្រោង អាទិភាពនានា ហើយក៏ជាគម្រោងលើកដំបូងផងដែរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ជាមួយ ប្រទេសជប៉ុន (Japanese ODA Yen Loan) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួង សុខាភិបាល និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ក្នុងការសិក្សាសមិទ្ធិ លទ្ធភាព ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានសេវាព្យាបាលកម្រិតខ្ពស់ នៅជនបទ ក្នុងប្រទេស កម្ពុជា និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាសុខាភិបាល រវាងរាជធានី និងខេត្ត ព្រមទាំងលើកកម្ពស់សុខភាព ប្រជាជនតាមជនបទ ដែលជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី ៣៖ សុខភាព និងសុទ្ធាលភាព មាំមួនសម្រាប់ប្រជាជនគ្រប់រូប នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable DevelopmentGoal 3) ។

មន្ទីរពេទ្យបង្អែកខេត្ត/ក្រុង ចំនួន ៧ រួមមាន÷ ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្ត កំពត, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ត្រូវបានជ្រើសយកមកពិនិត្យ ដើម្បីសម្រេចយកមក សិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី ១ ។ ជាលទ្ធផល, មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង ខេត្តកំពង់ចាម ត្រូវបានសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់ នៅ ក្នុងដំណាក់កាលទី ១ នេះ ។

ជារួម, គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាម មានវិសាលភាព ដូចជា ÷ខេត្តកំពង់ចាម៖ សាងសង់អគារមន្ទីរពេទ្យចំនួន ២ អគារថ្មី ដែលមានកម្ពស់ ៨ ជាន់ និងមានគ្រែសរុប ៦០៨ ។ ខេត្តសៀមរាប៖ សាងសង់អគារមន្ទីរពេទ្យចំនួន ២ អគារថ្មី ដែលមានកម្ពស់ ៨ ជាន់ ចំនួន ១ និងកម្ពស់ ៥ ជាន់ ចំនួន១ និងមានគ្រែសរុប ៦៩៧ ។

ការបំពាក់សម្ភារបរិក្ខារពេទ្យ (Medical Equipment) សម្រាប់មន្ទីរពេទ្យទាំងពីរខេត្ត និងបញ្ចូលការងារ បែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារឧបករណ៍វេជ្ជសាស្ត្រ (Drug dispensing and medical equipment/supply modules) ទៅក្នុងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ និងការគ្រប់គ្រងអ្នកជម្ងឺ (Hospital Information and Patient Management System) ៕