កម្ពុជារកឃើញការបង្កកំណើតផ្កាថ្មជាលើកដំបូងនៅសមុទ្ររបស់ខ្លួន

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដ៏រីករាយមួយ ក្រោយរកឃើញ ការបង្កកំណើតរបស់ផ្កាថ្មជាលើកដំបូងនៅសមុទ្រកម្ពុជា ខណៈ ផ្កាថ្មនៅតែមានសុខភាពល្អ។

ការរកឃើញការបង្កកំណើតផ្កាថ្មនេះនៅសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ព្រមទាំងដៃគូផ្សេងទៀត។

រដ្ឋបាលជលផលបញ្ជាក់ថា ការរកឃើញការបង្កកំណើតផ្កាថ្មនេះនៅសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ២០២៤ដ៏អស្ចារ្យនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែទូលំទូលាយនៅក្នុងតំបន់នេះ។

ការយល់ដឹងអំពីពេលវេលាបង្កកំណើតរបស់ផ្កាថ្មនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងផ្កាថ្ម ព្រោះវាអាចអនុញ្ញាតឱ្យអ្នកអភិរក្សប្រើប្រាស់បច្ចេកទេសស្តារឡើងវិញ និងវាយតម្លៃសុខភាពសហគមន៍ផ្កាថ្មរឹងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការបន្តពូជរបស់ផ្កាថ្មដ៏ធំគួរឱ្យកត់សម្គាល់ គឺជាសញ្ញាសំខាន់មួយនៃសុខភាពរបស់ថ្ម ហើយព្រឹត្តិការណ៍នេះបង្ហាញថា ផ្កាថ្មនៅកម្ពុជាមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែកត្តាគំរាមកំហែងធំៗ មានដូចជា ការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យពួកវាមិនអាចបន្តពូជបានទេ។

ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទនិងផ្តល់ប្រយោជន៍ដល់អេកូទេសចរណ៍និងដល់សហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជាផងដែរ ។ ការរកឃើញនេះនឹងជួយបង្កើនការយល់ដឹងរបស់យើងទាក់ទងនឹងការបន្តពូជរបស់ផ្កាថ្មក្នុងឈូងសមុទ្រថៃ៕