ជប៉ុនផ្តល់ឥណទានសម្បទាន ១៥០ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់

ភ្នំពេញ៖ លោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន បានថ្លែងថា  ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍  ឌីជីថល ការពារជាតិ និងសន្តិសុខ ។

លោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro)  បានថ្លែងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤  នៅវិមានសន្តិភាព។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចនៅ កម្ពុជានាឱកាសនេះ លោកនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ   ១៥០ លានដុល្លារ  សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់  ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរព្រៃគុក  ដោយឯកឧត្តមបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី  បានសម្តែងនូវការស្វាគមន៍ចំពោះលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ និងគណៈប្រតិភូ ដែលបាន មកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលរួមគ្នាជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការជំរុញវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការ ដំឡើងកម្រិតនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងការធ្វើសកម្មភាពរួមគ្នាមួយចំនួន ដូចជា ទស្សនកិច្ច កងនាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ព្រមទាំង ការធ្វើលំហាត់រួមគ្នាផងដែរ។

ជាងនេះទៅទៀត សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុន តាមរយៈយន្តការ ICC-Angkor ដែលជាយន្តការមួយក្នុងការចូលរួមថែរក្សា និងអភិរក្សបេតិកភណ្ឌ កម្ពុជា ព្រមទាំងបានកត់សម្គាល់ពីភាពរីកចម្រើននៃយន្តការនេះ ដោយបានពង្រីកដល់ការអភិរក្សនៅតំបន់ប្រាសាទសំបូរព្រៃគុក និងការបន្តសុពលភាពនៃយន្តការនេះ រយៈពេល ១០ឆ្នាំបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី  និង អនុរដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់អំពីការបន្តនូវកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកក្នុងការគាំពារដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់និង អន្តរជាតិផងដែរ ៕