អគ្គលេខាធិការអាស៊ានបង្ហាញចក្ខុវិស័យក្នុងការពង្រីកពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ

លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបង្ហាញចក្ខុវិស័យក្នុងការពង្រីកពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតចូលក្នុងតំបន់អាស៊ាន និងជាការកសាងសមត្ថភាពជូនកម្ពុជា។

លោក កៅ គឹមហួន  នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ថែមថា  ស្របតាមចក្ខុវិស័យនេះ លោកក៏បានលើកឡើងអំពីគម្រោងផែនការកសាងសមត្ថភាពជូនប្រជាពលរដ្ឋនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ដើម្បីជំរុញលើកកម្ពស់សមត្ថភាព និងការប្រកួតប្រជែង។

នាឱកាសនោះ លោក ស៊ុន ចាន់ថុលបានលើកឡើង អំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់កម្ពុជារួមមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ លើគម្រោងសំខាន់ៗទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងជួយផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

លោក ស៊ុន ចាន់ថុលសង្កត់ថា៖«កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលរួមបញ្ជូលពីផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ដឹកជញ្ជូនតាមផ្លូវទន្លេ ដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវអាកាស ភស្តុភារកម្ម និងដឹកជញ្ជូនអន្តរមធ្យោបាយ សរុបមានចំនួន ១៧៤គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាមេរិក»។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងអនុវត្តកិច្ចការងារធ្វើទំនើបកម្មលើបច្ចេកវិទ្យា ឱ្យស្របនឹងអាទិភាពគន្លឹះ១ ក្នុងចំណោម៥ របស់រាជរដ្ឋាភិបាលគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” តាមរយៈការរៀបចំប្រព័ន្ធផតថល(Portal)សម្រាប់ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ដើម្បីគាំទ្រការដាក់ពាក្យស្នើសុំ QIP របស់វិនិយោគិន៕