សៀមរាប៖គណៈកម្មាធិការទីក្រុងឆ្លាតវៃ និងគណៈកម្មាធិការសម្របសម្រួលរួម នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំលើកទី៥ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរា និងចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាបនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) គឺក្នុងគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សកម្មភាពនាពេលអនាគតនៃគម្រោង។
កិច្ចប្រជុំលើកទី៥នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាបនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ធ្វើឡើងក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្ត និង លោក តាណាកា យុគិណារិ (Tanaka Yukinari) ប្រធានក្រុមទី២ នៃក្រុមការងារអភិវឌ្ឍទីក្រុង និងតំបន់ នៃនាយកដ្ឋានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
នាឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អស់រយៈពេលជាង ៤ឆ្នាំ មកហើយ ទៅលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាបនៃខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាស្វែងរកបញ្ហាប្រឈម និងបានរៀបចំជាផែនទីបង្ហាញផ្លូវ «សៀមរាបឆ្លាតវៃ»។
លោកបានបន្តថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ក៏បានសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលខេត្ត ក្នុងការដាក់ឲ្យអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៦ ក្នុងក្រុងសៀមរាប ដែលក្នុងនោះគម្រោងមួយចំនួនបានបញ្ចប់ ហើយគម្រោងមួយចំនួនទៀត បាននឹងកំពុងអនុវត្ត និងដំណើរការស្របតាមផែនការរបស់គម្រោង។
លោក បន្ថែមថា ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនបាននឹងកំពុងសិក្សាលើគម្រោងសាកល្បងសម្រាប់វគ្គទី២ បន្ថែមថ្មីចំនួន ២ទៀត នោះគឺទី ១.ការប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ និងទី ២.ការអភិវឌ្ឍប្រព័ន្ធថ្នាលទិន្នន័យ(Data platform) ដើម្បីអនុវត្តនាពេលខាងមុខផងដែរ។
លោកអភិបាលរងខេត្ត បានបន្ថែមថា ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ គឺទាមទារនូវការកសាងសមត្ថភាពដល់មន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុងសៀមរាប ក្នុងរយៈពេលយូរបន្ថែមទៀត ពីព្រោះទីក្រុងឆ្លាតវៃនេះ គឺជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា។
លោក ថ្លែងថា៖« ជាមួយគ្នានេះដែរ ការរៀបចំប្រព័ន្ធ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប សម្រាប់ការកសាងទំនាក់ទំនងរវាងរដ្ឋបាលខេត្តជាមួយឯកជន និងបណ្តាសាកលវិទ្យាល័យនានា ក៏ដូចជាប្រជាពលរដ្ឋ អំពីទីក្រុងឆ្លាតវៃ ក៏ជាចំណុចដ៏សំខាន់ ក៏ប៉ុន្តែចំណុចនេះយើងនៅខ្វះខាតនៅឡើយ »។
លោក សង្កត់ទៀតថា៖« ម្យ៉ាងវិញទៀត គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ក៏គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះដែរ ដែលបញ្ហានេះគឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងសម្រាប់រដ្ឋបាលខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនោះដែរលោក អភិបាលរងខេត្ត ក៏បានមានប្រសាសន៍សំណូមពរដល់ ក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន សូមពិនិត្យលទ្ធភាពក្នុងការបន្តការអនុវត្តគម្រោង នៃកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការជួយរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃនៅក្នុងដំណាក់កាលទី២ បន្តទៀត បន្ទាប់ពីជំហានទី១ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥ខាងមុខ ដោយលោកសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន( JICA )នឹងពិនិត្យទៅលើសំណើនេះដោយក្តីអនុគ្រោះជាទីបំផុតផងដែរ»។
នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញពីក្រុមការងារជំនាញនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន និងក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដោយបានធ្វើបទបង្ហាញដូចជា ៖ អំពីវឌ្ឍនភាពគម្រោងទីក្រុងឆ្លាតវៃ. ដែលមានទិដ្ឋភាពទូទៅ នៃគម្រោង. បច្ចុប្បន្នភាព នៃយន្តការទីក្រុងឆ្លាតវៃ.សកម្មភាពនានាស្តីពីការលើកកម្ពស់ទីក្រុងឆ្លាតវៃនិងការអភិវឌ្ឍសមត្ថភាព. បទបង្ហាញ នៃគម្រោងសាកល្បងទាំងអស់ ទិដ្ឋភាពរួម- ការចតយានយន្តខុសច្បាប់.ប្រព័ន្ធតាមដានឯកសារ (DTS)- Sensor វាស់គុណភាពខ្យល់.ការគ្រប់គ្រងកាកសំណល់. ថ្នាលទិន្នន័យ ហើយព្រមទាំងមានការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាបនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)ដោយលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ជាមួយនិង លោក តាណាកា យុគិណារិ ( Tanaka Yukinari )ប្រធានក្រុមទី២នៃក្រុមការងារអភិវឌ្ឍទីក្រុង និងតំបន់ នៃនាយកដ្ឋានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរ ៕