ភ្នំពេញ៖ក្រុមហ៊ុនCRBCគ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ លើ គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ- ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង(FS ) ហើយនឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ។
សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ២០២៤ បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ។
ជុំវិញបញ្ហានេះ នៅ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បាន ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ- ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជនដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។
តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គីឡូម៉ែត្រចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ។ នេះបើតាមការផ្សព្វផ្សាយពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ៕