កំពង់ចាម៖ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទគ្រាប់ GP M117 មានទម្ងន់ជាង៣៤០គីឡូក្រាម ជាសំណល់សង្គ្រាម ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំ ដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ!! ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលស៊ីម៉ាក់ នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ បញ្ជាក់ថា គ្រាប់ដែលត្រូវបានមន្ត្រីស៊ីម៉ាក់ដោះបន្សាបដោយសុវត្ថិភាពនេះ ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកបន្ថែមថា គ្រាប់បែកទម្លាក់ភាគច្រើនធ្លាក់ក្បាលមុជមករកដី តែគ្រាប់បែកនេះ ខុសស្អីគូជធ្លាក់មកមុនបុកចូលក្នុងដីកប់ក្នុងជម្រៅជាង៥ម៉ែត្រមិនផ្ទុះឡើយ។
លោក ហេង រតនា បន្ថែមថា បើផ្អែកតាមទិន្នន័យការទម្លាក់គ្រាប់បែកបានឱ្យដឹងថា មានទីតាំងរងការទម្លាក់គ្រាប់បែកមានចំនួន១១៥.២៧៣ទីតាំង មានទម្ងន់សរុបចំនួនប្រមាណជាង៤លានតោន និងគ្រាប់បែកចង្កោមជាង២៧លានកូនគ្រាប់ ដោយមានយន្តហោះចេញវាយប្រហារជាងកន្លះលានគ្រឿង ការទម្លាក់គ្រាប់បែកនេះគិតចាប់ពីពាក់កណ្តាលឆ្នាំ១៩៦៥ដល់១៩៧៣!។
លោក បន្ថែមថា«ដូចនេះតំបន់ខ្លះ ប្រជាជនកម្ពុជាអាចបន្តរស់នៅជាមួយគ្រាប់បែកមិនទាន់ផ្ទុះកប់ក្នុងទឹកដីសុវណ្ណភូមិនេះ ច្រើនទសវត្សទៅមុខទៀត! »៕