ភ្នំពេញ ៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេល ១សប្ដាហ៍ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំនួន ១៣នាក់ និងអប់រំ ណែនាំ ធ្វេីកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
អ្នកនាំពាក្យរងរូបនេះបញ្ជាក់បន្ថែមថា ក្រោមការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងចំនួន ៤ករណី ដែលមានជនសង្ស័យចំនួន ១៣នាក់ បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។ ក្រៅពីនេះចំនួន ១៤៤ករណីទៀត ដែលមានអ្នកពាក់ព័ន្ធចំនួន ១៧៤នាក់ មាន៖ ខេត្តបាត់ដំបង ១៣៦ករណី ខេត្តកំពត ៥ករណី ខេត្តតាកែវ ១ករណី ខេត្តប៉ៃលិន ១ករណី និងខេត្តត្បូងឃ្មុំ ១ករណី ។ ជាមួយគ្នានោះ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មមិនឱ្យប្រព្រឹត្តតទៅទៀត។
លោក ទូច សុឃៈ (សុខៈ) លើកឡើងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ក្រោមការដឹកនាំរបស់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះទិសដៅអាទិភាពសំខាន់ៗ ជាពិសេសទិសដៅអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នេះ ក្នុងនោះក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។
អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕