ក្នុងជំនួបតាមទូរស័ព្ទទ្វេភាគីជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៨ មីនានេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានទទួលយកការអញ្ជើញរបស់សម្តេច ហ៊ុន សែន ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងការបង្ហោះរបស់ផេកផ្លូវការសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី១៨ មីនានេះ។
ប្រភពដដែល បានលើកឡើងថា ក្នុងជំនួបជាមួយភាគីចិន សម្តេច ហ៊ុន សែន បានអញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ ហើយជាការឆ្លើយតប លោក ស៊ី ជិនពីង បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេច ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕