ភ្នំពេញ៖លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលដែលបានស្នើសុំតែងតាំងបំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល ៣រូប គឺដើម្បីប្រសិទ្ធិភាពការងារ នៅក្នុងជួររាជរដ្ឋាភិបាល ខណៈដែល រដ្ឋសភានឹងប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ប៉ែន បូណា ប្រាប់សារព័ត៌មាន Khmer CM តាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី ២៦ ខែកុម្ភៈនេះ ថា ជាក់ស្តែងការស្នើសុំ តែងតតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅពេលនេះ គឺដោយសារតែលោក ហ៊ុន ម៉ានី គឺជាអ្នកនយោបាយ មួយរូបដែលមានបទពិសោធន៍ច្រើន ។
លោក ប៉ែន បូណាបន្ថែមថា ក្នុងនោះ លោកហ៊ុន ម៉ានី ធ្លាប់ធ្វើជាជំនួយការផ្ទាល់របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាច្រើនឆ្នាំ មុននឹងហក់ចូលវិស័យនយោបាយ ព្រមទាំងបានរៀនសូត្រច្រើន ។ បន្ទាប់មក លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រ និងបច្ចុប្បន្នជា ជារដ្ឋមន្ត្រីគ្រសួងមុខងារសាធារណៈ ។ ដូច្នេះ លោក ហ៊ុន ម៉ានីមានបទពិសោធន៍ក្នុងការក្លាយខ្លួនទៅជាឧបនាយករដ្ឋមន្ត្រី ។
លោក ប៉ែន បូណាថ្លែងថា៖ « ការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី នេះ គឺជារឿង ចាំបាច់របស់រាជរដ្ឋាភិបាល ពីព្រោះ ឯកឧត្តម ហ៊ុន ម៉ានី ជារដ្ឋមន្ត្រីមុខងារសាធារណៈដែលត្រូវដឹកនាំការធ្វើកំណែទម្រង់ច្រើនណាស់នៅក្រសួងមុខងារសាធារណៈ ។ អីចឹងការផ្តល់តំណែងថ្មី ជាឧបនាយករដ្ឋមន្ត្រី ថែមមួយទៀត នេះ គឺ ដើម្បីប្រសិទ្ធិភាពការងារហ្នឹងឯង…ធ្វើឱ្យកំណែទម្រង់កាន់តែមានប្រសិទ្ធិភាព ព្រោះមានតួនាទីមួយសាកសមដឹកនាំកំណែទម្រង់ ។
លោក ប៉ែន បូណា បញ្ជាក់ទៀតថា ជាមួយគ្នានោះ ទាំងលោក ស្រ៊ី ថាមរុង្គ ដែលត្រូវបានស្នើសុំតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង លោកប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស នោះទៀតសោត ក៏ដូចគ្នាដែរ ដោយសារបុគ្គលទាំងពីរនាក់នេះ បានបំរើរាជរដ្ឋាភិបាលតាំងពីយូ និងមានបទពិសោធន៍ជ្រៅជ្រះលើកិច្ចការងារជាច្រើនចាប់តាំងពីជំនាន់សម្តេច ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី រហូតមកទល់ សម្តេច ហ៊ុន ម៉ាណែតថែមទៀត ។ ដូច្នេះ ពិតពួកគាត់ ជាសាកសំបំផុតនៅក្នុងការផ្តល់តួនាទីជាទេសរដ្ឋមន្ត្រីជូនអ្នកទាំងពីរ ។
ជុំវិញបញ្ហានេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភា បាន ទទួល លិខិតស្នើសុំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ស្នើសុំឲ្យកោះប្រជុំជាវិសាមញ្ញ រដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត លើ ការ តែងតាំង បំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលគឺ៖ទី១. លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ទី២. លោកស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទី៣. លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ។
លោគ ឡេង ប៉េងឡុងបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចកោះប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោរផ្តល់សេចក្តីទុកចិត្តលើសនាសភាពរាជរដ្ឋាភិបាលទាំង ៣រូបនេះ៕