ដើម្បីពន្លឿនដល់ការដោះស្រាយបញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ការិយាល័យចំនួន ២ត្រូវបានបង្កើតឡើង

ភ្នំពេញ៖ ដើម្បីពន្លឿនដល់ការដោះស្រាយបញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយាល័យចំនួន ២ ក្នុងខេត្តព្រះសីហនុ​ និងរាជធានីភ្នំពេញ​ ដែលនឹងបំពេញមុខងារដូចការិយាល័យច្រកចេញចូលតែមួយសម្រាប់វិស័យឯកជនដាក់សំណើ សំដៅដៅសម្រួលនីតិវិធីអោយកាន់តែមានភាពសាមញ្ញ​​​ ​ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន។

លទ្ធផល កិច្ចប្រជុំនៅថ្ងៃទី ១របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុនៅថ្ងៃទី ១៥ ខែកុម្ភៈ បញ្ជាក់ថា ៖«ក្នុងន័យនេះ សូមធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ»។

កិច្ចប្រជុំខាងលើនេះបាមនពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”ធ្វើយ៉ាងណា សម្រួលនីតិវិធីអោយមានភាពសាមញ្ញ​​​ ​ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ  ក្រោមអធិបតីភាព លោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ សមាសភាពទាំងអស់បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម​ ក្នុងការសម្របសម្រួលបែបបទវិនិយោគ និងការផ្តល់សេវាពិសេសសម្រាប់សកម្មភាពធុរកិច្ចក្នុងខេត្តព្រះសីហនុ៕