ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប រកឃើញថា មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅថ្ងៃទី១៥ កុម្ភៈនេះ។
គ.ជ.ប បានលើកយកមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចែងថា គ្រប់គណបក្សនយោបាយ បេក្ខជន ឬ អ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ។
ព្រមជាមួយគ្នានេះ គ.ជ.ប ក៏អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើ សកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀប ចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃ ការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ កុម្ភៈ នេះបានចេញមុខអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត។ ក្រសួង ថា ការធ្វើបែបនេះ គឺដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានបន្តថា ម្យ៉ាងទៀតសកម្មភាពទាំងនេះ ធ្វើ ឱ្យចលាចលដល់អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និង រៀបចំដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាល ឃុំ សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
សម្រាប់ក្រសួងមហាផ្ទៃ ក្រសួងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹក ចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕